អ្នកនាំពាក្យក្រសួង ការពារ ជាតិ ៖ សូមបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតរបស់ភាគីថៃ ថា ”កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ”

ភ្នំពេញ ៖ យោង សេចក្តីប្រកាសព័ត៌មាន របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖  ក្រសួងការពារជាតិ បានសង្កេតឃើញបណ្តាញសារព័ត៌មាន និងប្រភពផ្លូវការរបស់ភាគីថៃបានផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា ”កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់និងអនុសញ្ញាអន្តរជាតិ”។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតរបស់ភាគីថៃ។  ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹកដែលជាប់ព្រំដែនកម្ពុជាជាមួយថៃដែលកំពុងមានអរិភាពប៉ុណ្ណោះ ក្នុងគោលបំណង ដើម្បីការពារអាយុជីវិត និងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹងឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងឡើយ។ ក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងចាត់ទុកកាតព្វកិច្ចក្នុងការថែរក្សាសុខសុវត្ថិភាព ការការពារអាយុជីវិតរបស់ជនស៊ីវិល មិនថាជាពលរដ្ឋខ្មែរ និងជាជនបរទេស រួមទាំងប្រជាជនថៃដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ ជាអាទិភាពខ្ពស់បំផុត។  កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ ...