ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក Wang Heming អគ្គលេខាធិការមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងគណៈប្រតិភូផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងចិន និងថ្លែងអំណរគុណ ចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការពង្រឹងការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ការអភិវឌ្ឍទីផ្សារ សមាហរណកម្មឧស្សាហកម្ម ការកែច្នៃ និងធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម រវាងចិន និងកម្ពុជា។ លោកប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមយៈការជំរុញបន្ថែមការវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសុខាភិបាលជាដើម ដែលជាវិស័យទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះបំណងក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា និងថ្លែងអរគុណចំពោះការបន្តទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា៕ ប្រភព៖ (CCFR)