បុរសម្នាក់ជិះម៉ូតូលឿនទៅបុករថយន្តសណ្តោងទូកុងតឺន័រឈប់រងចាំស្តុបបណ្តាលឲ្យបាក់កស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តសណ្តោងទូកុងតឺន័រឈប់រងចាំស្តុបយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩:០០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចំណុចស្តុបគងណយ ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់គងណយ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សពមានឈ្មោះ សួសពៅ ភេទប្រុស អាយុ៣២ឆ្នាំ រសនៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត​ ។  តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តសណ្តោងទូកុងតឺន័រក្បាលពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ព្រះសីហនុ 3A-7753 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ទិសដៅពីកើតលិច ក្នុងល្បឿនលឿនមធ្យម លុះពេលបើកមកដល់ចំណុចកើតហេតុរថយន្តក៏បានបង្អង់ល្បឿនឈប់រងចាំស្តុប ភ្លាមនោះដែរស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GO-3167 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរមកពីក្រោយស្របគ្នាតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ពីកើតទៅលិចក្នុងល្បឿនលឿនមិនបង្អង់ក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកាត់ហេតុភ្លាមៗចំណែកឯរថយន្តបន្តល្បឿនបើករត់រហូតមកដល់ចំណុចស្ពានអាកាសចោមចៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យត្រូវសមត្ថកិច្ចធ្វើការឃាត់បានតែរថយន្តចំណែកតៃតុងរត់គេចខ្លួនបាត់ត្រមោល។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់គងណយសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការពិនិត្យនិងទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាងផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតែប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ