នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធតេឡេក្រាម

ភ្នំពេញ៖​ កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ និងបង្រ្កាបដោយឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធតេឡេក្រាម ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា។​ តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនសង្ស័យបានបន្លំលួចគ្រប់គ្រង និងប្រើប្រាស់គណនីបណ្ដាញសង្គម តេឡេក្រាម ដើម្បីបោកបញ្ឆោតជនរងគ្រោះ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ព.ស ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះបានចូលរួមជាមួយជនអនាមិកប្រព្រឹត្តបទល្មើសខាងលើ និងទទួលបានផលពីអំពើបទល្មើសនេះផងដែរ។ ជនសង្ស័យត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ជាថ្មីម្ដងទៀត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅតែក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ពីការផ្ដល់ឱកាសការងារតាមអនឡាញមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកប្រព្រឹត្ត និងទទួលផលនៃបទល្មើសផ្សេងៗ ដែលជាសកម្មភាពល្មើសច្បាប់ និងត្រូវខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ដោយ​៖តារា​