អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា៖ ថៃធ្វើសង្គ្រាមប្រដាប់អាវុធផង និងសង្គ្រាមចិត្តសាស្ត្រផង ដើម្បីចាក់បំបែកសាមគ្គីភាពរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ

ភ្នំពេញ​៖​ លោក ប៉ែន បូណា អ្នកនាំពាក្យថារដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា៖ ភាគីថៃកំពុងសង្គ្រាមប្រដាប់អាវុធផង និងសង្គ្រាមចិត្តសាស្រ្តផង ក្នុងគោលបំណងបំបាក់ស្មារតី និងញុះញង់ ដើម្បីបំបែកសាមគ្គីរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ។ ជាក់ស្ដែង​ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន​ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២៥នេះ​ លោក ប៉ែន បូណា វាយតម្លៃពីចេតនារបស់ភាគីថៃដូច្នេះ៖« សង្គ្រាមនេះវាមានគោលដៅ បំបាក់ស្មារតី ទឹកចិត្ត កងទ័ព ប្រជាពលរដ្ឋ ហើយក៏មានចរិតញុះញង់បំបែកបំបាក់សាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ ពីព្រោះគេយល់ឃើញថាការបែកបាក់នេះ គឺជាចំណុចខ្សោយរបស់កម្ពុជាយើង។»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មើលឃើញថា ការធ្វើសង្គ្រាមចិត្តសាស្រ្តរបស់សត្រូវថៃ ឈ្លានពាន គឺមានច្រើនទម្រង់ ក្នុងនោះនៅលើបណ្ដាញសង្គម ថៃបានបង្កើតគណនីក្លែងក្លាយដោយដាក់ឈ្មោះបន្លំជាខ្មែរ សរសេរភាសាខ្មែរ បញ្ចេញមតិ ផ្សព្វផ្សាយក្នុងគោលដៅបម្រើផលប្រយោជន៍របស់គេ។ លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា៖«គេបង្ហោះរូបភាពមួយចំនួន ដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង កងទ័ពយើង គេបង្ហោះរូបភាពសម្លៀកបំពាក់របស់យោធាយើង មានរូបសញ្ញា ឡូហ្គោកងទ័ពយើង ផ្លាកឈ្មោះ គេយកមកតុបតែងបង្កើតឡើង ហើយបង្ហោះថា នេះគឺជាអ្វីដែលគេចាប់បានអ៊ីចឹងទៅ។ គេឱ្យប្រជាពលរដ្ឋយើងកងទ័ពយើងយល់ថា យើងចាញ់គេ។»។ លោក ប៉ែន បូណា​ ...