ឯកអគ្គរដ្ឋទូតឆែកសម្តែងសមានចិត្តជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជាក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនជាមួយថៃ ដោយសង្ឃឹមថាបញ្ហានឹងដោះស្រាយដោយសន្តិវិធីឆាប់ៗនេះ

ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជា បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបាន បណ្តាលឱ្យមានពលរដ្ឋបាត់បង់អាយុជីវិត និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។ ឆែកបានតាមដានដោយយកចិត្តទុកដាក់ និងមានជំនឿមុតមាំថា បញ្ហានឹងត្រូវបានដោះ ស្រាយដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងពេលឆាប់ៗនេះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអនុញ្ញាតជូនលោកស្រី ម៉ាកេតា កូល ហៃកូវ៉ា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ សម្ដេចប្រធានរដ្ឋសភា បានសម្ដែងនូវការស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី និងបានចាត់ទុកវត្តមានរបស់លោកស្រីនៅកម្ពុជា ជាការបង្ហាញច្បាស់អំពីការផ្ដល់តម្លៃពីសាធារណរដ្ឋឆែកចំពោះកម្ពុជា។ កម្ពុជានិងឆែកមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសឆែក ដែលនេះជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ...