ខេត្តកណ្តាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះថាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗនៅមន្ទីរពេទ្យ ក្រោយពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះដែលកំពុងបណ្ដើរម៉ូតូបែកកង់ ប៉ុន្តែត្រូវជនរងគ្រោះតដៃដណ្ដើមបានដាវ ក៏វាយបែកក្បាលវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅលើមហាវិថីស៊ី ជីងពីង (ម្ដុំស្ពានព្រែកចាបយំ) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ផាត លី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិសង្កាត់កើតហេតុ (រងរបួសប្រអប់ដៃឆ្វេងដេរ ១០ថ្នេរ និងរបួសម្រាមដៃស្តាំ)។ ចំណែកឯជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ កុសល ភារុណ ភេទប្រុស អាយុ ២០ឆ្នាំ មានសារធាតុញៀននិងបក្ខពួក៣នាក់ទៀតកំពុងគេចខ្លួនមានឈ្មោះ សឿន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ, នី ប្រុសពៅ ភេទប្រុស អាយុ៣៤ឆ្នាំនិងឈ្មោះ សាន់ ខួច ភេទប្រុស អាយុ២២ឆ្នាំ។ លោកអធិការក្រុងបានបន្តថា ...