ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ថៃបានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។ គោលបំណងរបស់គេធ្វើបែបនេះ គឺម៉្យាងដើម្បីបង្កើតលេសថ្មីក្នុងការបន្តឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា ម៉្យាងទៀតគឺដើម្បីបិទបាំងទង្វើអមនុស្សធម៌ និងបំពានច្បាប់អន្តរជាតិ បំពានកិច្ចព្រមព្រៀងសន្តិភាព ហើយបង្វែរសាធារណមតិកុំឱ្យចាប់អារម្មណ៍លើបញ្ហាផ្ទៃក្នុងប្រទេសខ្លួន ដូចជាការបរាជ័យក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់ធ្ងន់ធ្ងរជាដើម។ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍បែបនេះក្នុងឱកាស ឯកឧត្តមបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរព័ត៌មានរាជធានីខេត្ត កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន និងតាមរយៈវីដេអូពីចម្ងាយ ដោយឯកឧត្តមបានរំលេចអំពីសារៈសំខាន់នៃតួនាទី និងការអនុវត្តវិធានការរបស់ក្រសួងនិងមន្ទីរព័ត៌មានរាជធានីខេត្តក្នុងការរក្សាស្ថិរភាព និងបរិយាកាសសាធារណមតិសុវត្ថិភាពក្នុង និងក្រៅស្រុក ខណៈសមរភូមិសាធារណមតិបានឈានចូលដល់សប្តាហ៍ទី២ ចាប់តាំងពីយោធាថៃបានបើកការវាយប្រហារឈ្លានពានជាថ្មីមកលើកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ លោកអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើង និងបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចំណោមនោះព័ត៌មានក្លែងក្លាយ ការប្រឌិតការផ្សាយបំភ្លៃ ញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ភាគច្រើនមានប្រភពមកពីថៃ និងក្រុមអគតិក្រៅច្បាប់ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។ ឯកឧត្តមបានមានប្រសាសន៍រំលេចបច្ចុប្បន្នភាពថា ចាប់តាំងពីថ្ងៃដែលថៃបានបើកការវាយប្រហារមកលើកកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានកំណត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន ចំនួនជាង ...