លួចអាគុយនិងដែកបង្កាន់ដៃផ្លូវល្បឿនលឿនសូម្បីឧបករណ៍ការពារលើផ្លូវក៏ចោរហារយមិនប្រណីដែរ

ខេត្តកំពង់ស្ពឺ ៖ ករណីចោរហារយបានកើតឡើងនៅលើផ្លូវល្បឿនលឿន ដោយមានក្រុមចោរបានធ្វើសកម្មភាពលួចអាគុយកាមេរ៉ាសុវត្ថិភាព និងលួចដែកបង្កាន់ដៃផ្លូវល្បឿនលឿន យកទៅលក់បន្តនៅកន្លែងទិញអេតចាយមួយក្នុងស្រុកភ្នំស្រួច ។ ករណីនេះត្រូវបានបកស្បែក ដោយកម្លាំងនគរបាលប៉ុស្តិ៍ឃុំយាយម៉ៅពេជ្រនិល និងនគរបាលស្រុកភ្នំស្រួចព្រមទាំងកំពុងស្រាវជ្រាវរកអ្នកទទួលទិញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល បានធ្វើការល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៦-១០៧ ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានប្រទះឃើញជនសង្ស័យ១នាក់ភេទប្រុស ជិះម៉ូតូ១គ្រឿង (ម៉ូតូស៊េរីចាស់) ពាក់ផ្លាកលេខ សៀមរាប 1A-9933 ដឹកអាគុយ២០០អំពែ ជិះចូលផ្ទះទិញ-លក់អេតចាយ និងទទួលបញ្ចាំម៉ូតូមួយកន្លែង ដែលស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ។ ក្រោយមានការសង្ស័យ កម្លាំងនគរបាលបានជិះតាមនិងចូលសួរនាំជនសង្ស័យខាងលើ និងចូលសួរម្ចាស់ផ្ទះ ក៏បានឃើញមានដែកបង្កាន់ដៃផ្លូវល្បឿនលឿន និងបង្គោលរបងថ្ម ចំនួន៦ដើម ទើបកម្លាំងនគរបាលបានទូរស័ព្ទប្រាប់រដ្ឋបាលផ្លូវល្បឿនលឿនឲ្យមកមើលអាគុយ និងដែកទាំងអស់នោះ ។ សមត្ថកិច្ចខេត្តកំពង់ស្ពឺបន្តឱ្យដឹងថា ពេលរដ្ឋបាលផ្លូវល្បឿនលឿនមកដល់បានបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ រដ្ឋបាលបានជិះរថយន្តល្បាតលើផ្លូវល្បឿនលឿនចន្លោះបង្គោលគីឡូម៉ែត្រលេខK90 ទៅលេខK95 ឃើញបាត់ដែកបង្កាន់ដៃផ្លូវ និងអាគុយកាមេរ៉ាសុវត្ថិភាព ហើយបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល ...