រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ទទួលជំនួបសម្តែងការគួរសមរបស់លោក ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជំនួបសម្តែងការគួរសមរបស់លោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញមកកម្ពុជាក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង។ ក្នុងអំឡុងជំនួបសម្តែងការគួរសមខាងលើ ភាគីទាំងពីរ បានរីករាយស្វាគមន៍ចំពោះសន្ទុះដ៏វិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូប្រវត្តិសាស្ត្រឱ្យឈាន់ដល់កម្រិតថ្មី។ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់ព័ត៌មានស្តីពីការវិវត្តន៍ថ្មីៗទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Benoît GUIDÉE បានចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងក្រៃលែងចំពោះជនស៊ីវិលកម្ពុជាដែលបានបាត់បង់ជីវិត និងជនភៀសសឹកដោយសារជម្លោះព្រំដែននេះ។ បន្ទាប់ពីជំនួបសម្តែងការគួរសម លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ម័គ្រចិត្តអន្តរជាតិនៃគម្រោងបម្លាស់ប្តូរ និងសាមគ្គីភាព និងសកម្មភាពអ្នកស្ម័គ្រចិត្តបារាំងនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងក្នុងការលើកកម្ពស់បម្លាស់ប្តូរប្រជាជននិងប្រជាជន៕ ដោយ ៖ សិលា