អ្នក​ឃ្លាំមើល​ថា​ប្រជាជន​ដែល​មិន​ខ្វល់ខ្វាយ​ពី​ការ​បាត់បង់​ទឹកដី គឺ​ជា​ប្រជាជន​ខ្វះ​ទំនួល​ខុសត្រូវ​ចំពោះ​ជាតិ​និង​អនាគត​ខ្លួន

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ប្រជាជន​ដែល​មិន​ខ្វល់ខ្វាយ​ចំពោះ​ការ​បាត់បង់​ទឹកដី គឺជា​ប្រជាជន​ដែល​ខ្វះ​ការ​យល់ដឹង​អំពី​ទំនួល​ខុសត្រូវ​ចំពោះ​ជាតិ និង​អនាគត​របស់​ខ្លួន។ លោក សេក សុជាតិ លើកឡើង​ថា ប្រជាជាតិ​ដែល​មិន​ផ្តល់​តម្លៃ​ដល់​យុត្តិធម៌ ប្រាកដ​ជា​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​អវិជ្ជា និង​ភាព​ងងឹត​នៃ​ផ្លូវ​គំនិត​ជាមិនខាន រីឯ​ប្រទេស​ដែល​មិន​គោរព​យុត្តិធម៌​សកល ក៏​នឹង​ក្លាយ​ជា​ប្រទេស​ដែល​រង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ដែរ នៅ​ពេល​អយុត្តិធម៌​ជះ​ពន្លឺ​ត្រឡប់​មក​លើ​ខ្លួនឯង​វិញ។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ បញ្ជាក់​ថា ប្រទេស​មួយ​ដែល​មិន​ធ្លាប់​ប្រឈម​នឹង​ការ​បាត់បង់​ទឹកដី អាច​មិន​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការ​ឈឺចាប់​ឡើយ ចំណែក​ប្រទេស​កម្ពុជា ចង់បាន​សន្តិភាព និង​ចង់​ឱ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក តម្កល់​យុត្តិធម៌​សកល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​រស់នៅ​រួម​គ្នា​របស់​មនុស្ស​ជាតិ។ សង្គ្រាម​កម្ពុជា-ថៃ លើក​ទី​២ នេះ បាន​អូស​បន្លាយ​ពេល​អស់​ចំនួន ១២​ថ្ងៃ​ហើយ ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ បាន​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​ថៃ ជា​បន្តបន្ទាប់។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា សង្គ្រាម​រយៈពេល ១២​ថ្ងៃ​នេះ យោធា​ថៃ បាន​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ដែល​មាន​សមត្ថភាព​បំផ្លាញ​ខ្ពស់ ដើម្បី​ប្រហារ​មក​លើ​កម្ពុជា រួម​មាន​យន្តហោះ​ចម្បាំង F-16 រថយន្ត​បាញ់​រ៉ុក្កែត DTI-2 ដ្រូន​ទម្លាក់​គ្រាប់បែក យន្តហោះ​បាញ់​ផ្សែង​ពុល គ្រាប់បែក​ចង្កោម និង​ការ​ដាក់​ពង្រាយ​ទាហាន​យ៉ាង​ច្រើន​លើសលប់​ក្នុង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា៕ © […] The post អ្នក​ឃ្លាំមើល​ថា​ប្រជាជន​ដែល​មិន​ខ្វល់ខ្វាយ​ពី​ការ​បាត់បង់​ទឹកដី គឺ​ជា​ប្រជាជន​ខ្វះ​ទំនួល​ខុសត្រូវ​ចំពោះ​ជាតិ​និង​អនាគត​ខ្លួន appeared first on The Cambodia Daily Khmer .