អរគុណ ! មហាសេដ្ឋីអាម៉េរិក ជាមួយប្រពន្ធជាខ្មែរកម្ពុជាក្រោម បរិច្ចាគថវិកា២៥ម៉ឺនដុល្លារ ជួយទាហានកម្ពុជា និងជនភៀសសឹក

ភ្នំពេញ ៖ មហាសេដ្ឋីអាម៉េរិក ជាមួយប្រពន្ធជាខ្មែរកម្ពុជាក្រោម លោក Chris Larsen និង អ្នកស្រី Lyna Lam បានចូលរួមឧបត្ថម្ភថវិកា ចំនួន ២៥ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក តាមរយៈសម្តេចហ៊ុន សែន។ ការចូលរួមឧបត្ថម្ភថវិការបស់សប្បុរសជនទាំងពីររូប គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ គួរបញ្ជាក់ថា លោក Chris Larsen ត្រូវបានគេស្គាល់ថា ជានាយកប្រតិបត្តិធុរកិច្ចអាម៉េរិ និងជាអ្នកវិនិយោគ ដែលត្រូវបានគេស្គាល់ថាជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Silicon Valley ជាច្រើន។ លោកបានរៀបការជាមួយ Lyna Lam ដែលបានភៀសខ្លួនចេញពីប្រទេសកម្ពុជាកាលពីកុមារភាពជាមួយគ្រួសាររបស់គាត់ក្នុងឆ្នាំ 1979 កំឡុងរបបខ្មែរក្រហម ហើយទីបំផុតបានរស់នៅ San Francisco ក្នុងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន អ្នកស្រី Lyna Lam គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិព្រះពុទ្ធសាសនាខ្មែរ ដែលផ្តោតលើការអភិរក្សវប្បធម៌ខ្មែរ «ខ្មែរជួយខ្មែរ» ៕