អគ្គិភ័យឆាបឆេះគំនរអេតចាយមួយកន្លែងក្នុងខណ្ឌដង្កោ យ៉ាងសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍បាញ់ពន្លត់

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះគំនរអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែខាងនិងមន្ត្រីជំនាញចេញរថយន្តពន្លត់ អគ្គិភ័យជាច្រេីនគ្រឿងអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពី វេលាម៉ោង២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅជាប់បណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិ បាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។  បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងគំនរអេតចាយខាងលេី គឺមានម្ចាស់គ្រប់គ្រងត្រឹមត្រូវ ហេីយពេលកេីតហេតុម្ចាស់ទីតាំងក៏សម្រាកលង់លក់នៅខាងក្នុងឃ្លាំង ស្រាប់តែមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញអណ្តាតភ្លើងកំពុងតែឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ក៏ស្រែកហៅពួកគាត់ រួចនាំគ្នាចេញមកទាញទុយោទឹកនិងយកធុងដាក់ទឹកជួយជះជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញបន្តសុំរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ដើម្បីបាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ     ក្រោយពីកម្លាំងជំនាញបាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ។ ក្នុងករណីនេះមិនមានអ្នកស្លាប់និងរបួសនោះទេ ពោលគឺខូចខាតតែគ្រឿងសម្ភារៈអេតចាយមួយចំនួនធំតែប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការឆេះសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ