រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា បានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃ ឈ្លានពានលើទឹកដីកម្ពុជា និងបំផ្លាញរូបសំណាកព្រះវិស្ណុ ដែលសាងសង់នៅលើទឹកដីកម្ពុជា សម្រាប់ការគោរពបូជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងថា សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «តាំងពីថ្ងៃម្សិលមិញ និងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌាបានផ្សព្វផ្សាយពីរូបភាពដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា»។ អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌាបានប្រតិកម្មតបយ៉ាងខ្លាំង និងរិះគន់ប្រទេសថៃ ដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា «ការមិនផ្តល់នូវការគោរព»។ សារព័ត៌មានខ្លះថាតើថៃស្រវឹងនឹងសង្គ្រាម ឬបានជាទៅកម្ទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុជា? ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះដោយមិនផ្តល់នូវការគោរពចំពោះអ្នកកាន់សាសនាហិណ្ឌូ ប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ។ ធ្វើបាបបានបាប! បាបមិនចាំជាតិក្រោយទេ! គួរឱ្យដឹងថា ក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ បានថ្កោលទោសដោយបានចាត់ទុកថា ការបំផិ្លចបំផ្លាញរូបសំណាកព្រះនៃសាសនាហិណ្ឌូនៅឯតំបន់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់យោធាថៃ ជាទង្វើដែលគ្មានការគោរពទាល់តែសោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាសាសនាហិណ្ឌូ និងព្រះពុទ្ធត្រូវបានគោរពសក្ការៈដោយប្រជាជននៅទូទាំងតំបន់។ ដូច្នេះមិនថាវាជាការអះអាងពីទឹកដីនោះទេ ទង្វើគ្មានការគោរពបែបនេះបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាសនិកនៅជុំវិញពិភពលោក ហើយទង្វើបែបនេះមិនគួរកើតឡើងឡើយ។ ក្រសួងការបរទេសឥណ្ឌា ក៏បានអំពាវនាវផងដែរឱ្យកម្ពុជា និងថៃត្រឡប់ទៅរកកិច្ចសន្ទនា ការទូតចាប់ផ្ដើមសន្តិភាពឡើងវិញ និងបញ្ចៀសការបាត់បង់អាយុជីវិត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងសម្បត្តិបេតិកភណ្ឌតទៅទៀត៕⁩ ដោយ៖តារា