ប្រទះឃើញសពបុរសម្នាក់ សង្ស័យត្រូវគេដឹកយកទៅទម្លាក់ចោលជិតផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ ៖ សាកសពបុរសម្នាក់មានស្នាមរបួសក្បាល ពុំដឹងថាស្លាប់ដោយសារមូលហេតុអ្វីនោះទ សង្ស័យត្រូវបានជនមិនស្គាល់មុខដឹកយកទៅទម្លាក់ចោលនៅក្បែរប្រឡាយទឹកមួយកន្លែង ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញនិងរាយការណ៍ជូននគរបាលចុះទៅធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះព្រមទាំងក្រុមគ្រួសារ ។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅជិតផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បើតាមការប៉ាន់ស្មានមានអាយុប្រមាណ៣០ឆ្នាំ សម្បុរ ស ដែលប្រភពខ្លះសង្ស័យថាជាជនបរទេស រីឯប្រភពខ្លះទៀតថាជាជនជាតិខ្មែរ ហើយមានស្នាមរបួសក្បាល និងត្រូវបានគេរុំភួយផងដែរ ។ សមត្ថកិច្ចបានបង្ហើបប្រាប់ឲ្យដឹងខ្លះៗថា នៅវេលាម៉ោងខាងលើមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះបានប្រទះឃើញសាកសពបុរសខាងលើ ក៏បានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលខណ្ឌដង្កោឲ្យចុះទៅពិនិត្យមើល ។ បន្ទាប់មកសមត្ថកិច្ចក៏បានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យតាមជំនាញ។ ប្រភពដដែលបានប្រាប់ទៀតថា នៅពុំទាន់ដឹងថា បុរសនោះស្លាប់ដោយសារមូលហេតុអំពើឃាតកម្មឬក៏គ្រោះថ្នាក់ចរាចរណ៍ ឬមូលហេតុអ្វីផ្សេងទៀតនៅឡើយទេ ប៉ុន្តែសង្ស័យមានជនមិនស្គាល់មុខដឹកយកទៅទម្លាក់ចោលនៅទីនោះ ។ បន្ទាប់មកនគរបាលបានដឹកយកសពទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តគោកអំពិល សង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៃការស្លាប់ ព្រមទាំងស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕