ស្រ្តីម្នាក់ឃាត់ខ្លួនរួមទាំងថ្នាំញៀន១៣២កញ្ចប់នៅក្រុងតាខ្មៅ

កណ្ដាល៖ នគរបាលក្រុងតាខ្មៅឃាត់ខ្លួនស្រ្តីជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ និងដកហូតវត្ថុតាថ្នាំញៀនចំនួន១៣២កញ្ចប់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ចំណុចផ្ទះបាក់បែកមួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហួត វណ្ណា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរៈកម្មករ អវិជ្ជមាន(-) ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក ជាប់រយៈពេល០២ឆ្នាំ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ វត្ថុតាងចាប់យក ថ្នាំញៀន(ម៉ាទឹកកក)ចំនួន១៣២កញ្ចប់ទម្ងន់២៤,៨២ក្រាមទូរស័ព្ទដៃម៉ាក Redmi ពណ៌ទឹកខ្មៅចំនួន០១គ្រឿង លុយខ្មែរចំនួន៨៥,០០០៛(ប្រាំបីម៉ឺន​ប្រាំពាន់រៀល) និងសម្ភារៈវេចខ្ចប់មួយចំនួន។ ប្រភពដដែលបន្តថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ១នាក់ ករណី រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំណុចភូមិឃុំកើតហេតុខាងលើ រួមទាំងវត្ថុតាងមួយចំនួន រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕