ក្រសួងការបរទេស៖ កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី លើកទី៣ រវាងកម្ពុជានិងជប៉ុន

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក អ៊ុង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក NAMAZU Hiroyuki អនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីលើកទី៣ រវាងក្រសួងការបរទេស ទាំងពីរ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក NAMAZU Hiroyuki បានចូលជួបសម្តែងការគួរសម ចំពោះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយ បានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី រួមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីជំហរប្រកបដោយសង្គតិភាពរបស់កម្ពុជា និងមាគ៌ាឆ្ពោះ ទៅរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះព្រំដែន ដែលកាន់តែមានភាពតានតឹង ចាប់តាំងពីផ្ទះ ការប្រយុទ្ធគ្នាសាជាថ្មី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីនេះ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសំខាន់ៗ ក្នុងវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដែលសម្រេចបាន ចាប់តាំងពីកិច្ចប្រជុំឧត្តមមន្ត្រីលើកទីពីរ។ ភាគីទាំងពីរបានឯកភាពគ្នាថា ការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាញឹកញាប់ ...