ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៊ីម បានស្វាគមន៍បទឈប់បាញ់ដែលព្រមព្រៀងដោយកម្ពុជា និងថៃ ដែលចូលជាធរមាននៅម៉ោង ១២៖០០ថ្ងៃត្រង់ (UTC+7) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកម្លាំងនៅនឹងកន្លែង ឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលស្គាល់រួមដែលតម្រូវឱ្យមានការអត់ធ្មត់ ជាសំខាន់លើផលប្រយោជន៍របស់ជនស៊ីវិល។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការនារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួម បានកំណត់នូវវិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងការទំនាក់ទំនងដោយផ្ទាល់រវាងថ្នាក់ដឹកនាំការពារជាតិ។ ទាំងនេះផ្តល់ជាមូលដ្ឋានសម្រាប់ស្ថិរភាព ហើយខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងអនុវត្តដោយស្មោះត្រង់។ តាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី នៅពេលដែលម៉ាឡេស៊ី ប្រគល់ប្រធានអាស៊ានទៅហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ យើងនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាថាកិច្ចការទាំងនេះត្រូវបានផ្តល់កិត្តិយស ហើយកិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពដែលត្រូវបានរក្សា។ គួរជម្រាបជូនថា កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តី ប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុ ...