ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លៀតឱកាសនេះ ខ្ញុំសូមបញ្ជាក់ចំណុចមួយចំនួនដូចខាងក្រោម៖ ទី១៖ ពាក់ព័ន្ធនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ខ្ញុំសូមបងប្អូនជនរួមជាតិអានឱ្យច្បាស់នូវខ្លឹមសារគ្រប់ចំណុចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនេះហើយពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីយល់ពីអត្ថន័យ ចៀសវាងការជឿទៅលើការបកស្រាយបំភ្លៃពីក្រុមមនុស្សមួយចំនួនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្រក្នុងគោលបំណងបំបែកបំបាក់សង្គមខ្មែរ។ ដូច្នេះ ការស្វែងយល់ដោយខ្លួនឯងឱ្យគ្រប់ជ្រុងជ្រោយ និងទទួលយកតែប្រភពព័ត៌មានច្បាស់លាស់គឺជារឿងសំខាន់ដើម្បីកុំឱ្យមានអ្នកណាបោកប្រាស់យើងបាន។ ទី២៖ ការសម្រេចបានបទឈប់បាញ់ជាថ្មីនាពេលនេះវាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរយ៉ាងរឹងមាំដើម្បីទាមទារសន្តិភាពនិងប្រឆាំងការរំលោភបំពានលើបូរណភាពទឹកដី។ ជាពិសេស កម្ពុជាក៏មានវីរកងទ័ពនិងកងនគរបាលជាតិដ៏អង់អាចក្លាហានដែលបានតស៊ូស្វិតស្វាញ ក្រាញននៀលដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ ទី៣៖ សន្តិភាពគឺជាតម្លៃស្នូលរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា។ សន្តិភាពគឺជាឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការអភិវឌ្ឍន៍សង្គមគ្រួសាររបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ពេលមានសង្គ្រាមទើបយើងឃើញច្បាស់ពីតម្លៃសន្តិភាព។ ដូច្នេះ ហើយបានជាថ្នាក់ដឹកនាំយើងបានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពនិងពុះពារគ្រប់បែបយ៉ាងដើម្បីថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែង។ ការឈានដល់បទឈប់បាញ់ជាថ្មីនៅថ្ងៃនេះក៏ជាផ្នែកមួយដ៏សំខាន់ដែលបានមកពីនយោបាយសន្តិភាព និងនយោបាយការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដែលផ្តល់តម្លៃខ្ពស់បំផុតដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ ទី៤៖ សូមបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកគោលនយោបាយដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការសន្ទនាតាមផ្លូវការទូត ដោយផ្អែកលើកិច្ចព្រមព្រៀង ...