ភ្នំពេញ៖ ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ថៃ នៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ «ភាគីទាំងពីរបាន ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា ដោយសន្តិវិធី»។ ដើម្បីចូលរួមក្នុងការអនុវត្តវិធានការខាងលើនេះឱ្យមានប្រសិទ្ធភាព ក៏ដូចជាគាំទ្រដល់លទ្ធផល នៃសេចក្តីប្រកាសរួមឱ្យបានពេញលេញ ពិសេសក្នុងដំណាក់កាលកម្ពុជានិងថៃ កំពុងកសាងទំនុកចិត្ត គ្នា ដើម្បីមានបទឈប់បាញ់អចិន្ត្រៃយ៍ មានសន្តិភាពឡើងវិញ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដូចតទៅ៖ ១-សូមបន្តតាមដាន និងទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការ, ចែកចាយព័ត៌មាន ដែលមាន ប្រភពច្បាស់លាស់ ព្រមទាំងជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុង ការផលិតនិងផ្សាយព័ត៌មាន។ ប្រភពព័ត៌មានផ្លូវការរួមមាន៖ ក) ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ខ) ក្រសួងការពារជាតិ, គ) ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឃ) ក្រសួងព័ត៌មាន, ង) ក្រសួងមហាផ្ទៃ, ច) រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, និង ធ) អង្គភាពអ្នកនាំពាក្យ ...