ចិន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែបដ៏យូរអង្វែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិន និងសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតសម្រាប់គ្រប់កម្រិត និងគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្ម និងស្ថាបនារបស់ប្រទេសចិន ក្នុងការគាំទ្រឱ្យមានបទឈប់បាញ់រវាងជម្លោះកម្ពុជា-ថៃ។ កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិនក្នុងការជំរុញការដោះស្រាយជម្លោះដោយប្រើប្រាស់កិច្ចសន្ទនា វិធីការទូត និងការគោរពគ្នាទៅវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង៕ដោយ៖តារា