រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការជាធម្មតាផ្លូវថ្មើរជើងចតុមុខរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី០១-០២ ខែមករា ឆ្នាំ២០២៦

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបើកឱ្យដំណើរការជាធម្មតា ផ្លូវថ្មើរជើងចតុមុខ រយៈពេល ០៣ថ្ងៃ គឺនៅ ថ្ងៃទី៣១ ខែធ្នូ និងថ្ងៃទី០១-០២ ខែមករាឆ្នាំ២០២៦ ខាងមុខនេះ អមដោយការដាក់តាំងលក់ផលិតផលក្នុងស្រុក ម្ហូបអាហារ និងផ្ទាំងទស្សនីយ៍ភាពសិល្បៈបុរាណ-សម័យចំរុះជាច្រើន ខណៈ រាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBCចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុង ចំណោមគោលដៅធំៗទាំង២០ នៅលើពិភពលោក។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀយថា ការបើកឱ្យដំណើរការជាធម្មតាផ្លូវថ្មើរជើងចតុមុខរយៈពេល ០៣ថ្ងៃនេះ គឺដើម្បីជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅរាជធានីភ្នំពេញឱ្យកាន់តែរស់រវើក ស្របពេលដែលពិភពលោកទាំងមូលនឹងរៀបចំទទួលអំណរសាទរ ឆ្នាំថ្មី ឆ្នាំសកល ២០២៦ នាពេលខាងមុននេះ។ ការបើកឱ្យដំណើរការជាធម្មតានូវ ផ្លូវថ្មើរជើងចតុមុខ នេះក៏ដើម្បីចូលរួមអបអរសាទរក្នុងឱកាសដែល រាជធានីភ្នំពេញ ត្រូវបានសារព័ត៌មាន BBC ចាត់ជាគោលដៅទេសចរណ៍ល្អបំផុតមួយក្នុងចំណោមគោលដៅធំៗទាំង ២០ នៅលើពិភពលោក៖ https://www.bbc.com/travel/article/ 20251209-the-20-best-places-to-travel-in-2026 ផងដែរ៕. ដោយ៖សំរិត