លោកត្រាំ និង​លោក​ហ្សេឡេនស្គី អះអាងថាការចរចា​​​ស្តីពី​​​ផែន​ការ​សន្តិភាព បានលទ្ធផល​ល្អកាន់តែច្រើន

លោកហ្សេឡេនស្គី បានទៅជួបប្រជុំជាមួយ​លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​ ដើម្បី​និយាយ​លម្អិត​​អំពីផែនការសន្តិភាព​​។ នៅចំពោះមុខ​អ្នកកាសែតក្រោយជំនួបនេះ ប្រធានាធិបតីទាំង២បាន​អះអាងថា បានជជែកគ្នា បានលទ្ធផល​ទៅមុខច្រើន គួរជាទីត្រេកអរ។ តែយ៉ាងណា នៅមានចំណុច​មួយចំនួន​មិនទាន់​ត្រូវរ៉ូវគ្នា ទាក់ទិននឹងអនាគតទឹកដី​​ “តំបន់ដុនបាស” របស់អ៊ុយក្រែន​។​ លោក​ហ្សេឡេនស្គី បានឲ្យដឹងដែរថា​សហរដ្ឋអាមេរិក​ ​បានសន្យា​ការពារសន្តិសុខ​អ៊ុយក្រែន​ ​​រយៈពេល​១៥ឆ្នាំ តែលោក​បានស្នើសុំ​ឲ្យ​បាន​យូរជាងនេះ​។