ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងសន្តិភាព និងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដូចតទៅ៖ ទី១៖ នៅក្នុងសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនវីរកងទ័ព វីរកងនគរបាលជាតិនិងជនរួមជាតិខ្មែរនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា៖ ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានានៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់នៅក្នុង«សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមាន។ ទី២៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះដែរក៏បានបញ្ជាក់ច្បាស់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព អនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ...