ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានយកឈ្មោះ និងរូបថតទៅបង្កើត តេឡេក្រាមក្លែងក្លាយដើម្បីគំរាមកំហែង ជំរិតទារប្រាក់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ។ ជនសង្ស័យមានឈ្មោះ គា ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ២៧ ខែសីហា ឆ្នាំ ២០០១ មានអាសយដ្ឋានស្ថិតនៅ ផ្ទះ២៣E ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនសួរចម្លេីយ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកឈ្មោះ និង រូបថត លោក ផែង វណ្ណៈ បង្កេីត គណនីតេឡេក្រាមក្លែងក្លាយ ដើម្បីជំរឹតយកលុយប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនជនសង្ស័យទៅកាន់ តុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕ដោយ៖តារា