មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបាននគរបាលស្រុកអង្គស្នួលអនុវត្តដីកាចាប់ខ្លួន និងរកឃើញមានសារធាតុញៀន

ខេត្តកណ្តាល៖កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោយក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថាបុគ្គលរូបនេះមានសារធាតុញៀននៅក្នុងទឹកនោមផងដែរ។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើ ឡើងកាលពីថ្ងៃទី២៩ ធ្នូ ២០២៥វេលាម៉ោង២០និង២២ នាទី នៅចំណុចភូមិកោះគ្របបាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកអធិការបានបន្តថា ការចុះឃាត់ខ្លួននេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៦២៧ ចុះថ្ងៃទី២០ ធ្នូ ២០២៤ របស់លោក សោ សុតា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល។ លោកអធិការបញ្ជាក់ថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ គ្រី វុធ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ។ ជននេះត្រូវបានតុលាការចោទ ប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិថ្លេីក ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១១ កញ្ញា ២០២៤។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តទឹកនោមជន សង្ស័យឃើញមានសារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕