នាយករដ្ឋមន្ត្រីនិងស្ត្រីទី១ អញ្ជើញសួរសុខទុក្ខយោធិនរងរបួសក្នុងសមរភូមិ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានី

សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ សម្ដេចធិបតី ថ្លែងអំណរគុណ ចំពោះវីរភាពរបស់យោធិនទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដី និងជូនពរដល់ វីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ឆាប់ជាសះស្បេីយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ៕