រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយសារការវាយប្រហាររបស់កងទ័ពថៃនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រុមការងារនេះ មានសមាសភាពចម្រុះចំនួន ២៥រូប ក្នុងនោះក៏មានអភិបាលខេត្តជាប់ព្រំដែនទាំង៧ ជាសមាជិក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ថា ការងារអាទិភាពរបស់ក្រុមការងារនេះ គឺវាយតម្លៃពីផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធឯកជន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលបម្រើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋ៕