អ៊ីស្រាអែលផ្តើម​បំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅដែនដីស៊ីហ្សកដានី

អង្គការ​សហប្រជាជាតិ កាលពីថ្ងៃពុធទី ៣១ធ្នូ​បាន​បរិហារ​ថ្កោលទោស​ចំណាត់ការ​របស់អ៊ីស្រាអែល​ដែល​បាន​សម្រេច​ហាមឃាត់​មិនឲ្យ​អង្គការ​អន្តរជាតិចំនួន​៣៧ អាច​នាំយកជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីហ្កាហ្សា ចាប់ពីខែមករា​ឆ្នាំថ្មី។ ក្នុងទឹកដីស៊ីហ្សកដានីឯណោះវិញ ​ នៅជំរំជនភៀសខ្លួន​ប៉ាឡេស្ទីន អ៊ីស្រាអែល​នៅតែមិន​អនុគ្រោះដល់​ប្រជាជន​ប៉ាឡេស្ទីន សូម្បីតែនៅថ្ងៃឆ្លងចូល​ឆ្នាំថ្មី។ នៅថ្ងៃពុធទី​៣១​ធ្នូ ដែលជាថ្ងៃចុងក្រោយនៃឆ្នាំ​២០២៥ កងទ័ពអ៊ីស្រាអែល​បានបញ្ជូន​ម៉ាស៊ីន ឡានឲ្យ​ទៅចូកបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន​ប៉ាឡេស្ទីន​ចំនួន​២៥អគារ ស្ថិតក្នុងជំរំជនភៀសខ្លួន Nur Shams ក្បែរតំបន់អាណានិគមកិច្ច​អ៊ីស្រាអែល ក្នុងទឹកដី​ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។