ភ្នំពេញ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់វីរៈយុទ្ធជនរបស់យើង ដែលបានជួបជុំជាមួយនឹងក្រុមគ្រួសារ និងបានមកដល់ប្រទេសកំណើតរបស់ខ្លួនឡើងវិញ ។ សម្ដេចតេជោលើកឡើងថា សម្តេចយល់អំពីអារម្មណ៍របស់វីរ:យុទ្ធជនរបស់យើង ក៏ដូចជាក្រុមគ្រួសារនូវការលំបាកនៃការព្រាត់ប្រាស់គ្នា ព្រោះសម្ដេចផ្ទាល់ ធ្លាប់បានឆ្លងកាត់នូវបទពិសោធនៃការព្រាត់ប្រាស់គ្រួសារកាលពីពេលដែលសម្ដេច យកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្ដេចក៏បានយកឱកាសនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងអាយុជីវិតរបស់វីរៈយុទ្ធជនរបស់យើង ហើយរូបសម្ដេចផ្ទាល់ ក៏បានយកចិត្តទុកដាក់ និងបានតាមដានជាប្រចាំអំពីស្ថានភាព របស់វីរៈយុទ្ធជនយើង ហើយជាពិសេសបំផុតនោះ សម្ដេចបានមានប្រសាសន៍ថា ព្រះមហាក្សត្រនៃយើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ក៏ព្រះអង្គទាំងទ្វេ ...