កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិជិត ១ លាននាក់ ពីការទិញសំបុត្រចូលទស្សនាអង្គរ បង្កើតចំណូលរដ្ឋជិត ៤៥ លានដុល្លារ

ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិជាង ៩៥ ម៉ឺននាក់ (៩៥៥១៣១) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនាំឱ្យកម្ពុជារកចំណូលបានជិត ៤៥ លានដុល្លារ (៤៤ ៧១១៦៧៥) នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ៦,៥១% ធៀបនឹងឆ្នាំ ២០២៤។ របាយការណ៍គ្រឹះស្ថានអង្គរបង្ហាញថា សម្រាប់តែមួយខែធ្នូ ឆ្នាំ ២០២៥ ភ្ញៀវទេសចរអន្តរជាតិចំនួន ៨៧ ៩៣៦ នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ គិតជាចំណូលប្រមាណ ៤,២ លានដុល្លារ ធ្លាក់ចុះ ២៨,៥១%។ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) លោក ធួន ស៊ីណាន មានប្រសាសន៍ថា កត្តាសេដ្ឋកិច្ចសាកលក៏ជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ដូចជាចិន ក៏បានកាត់បន្ថយការធ្វើដំណើរ ខណៈប្រទេសដែលធ្លាប់តែទទួលទេសចរចិនក៏មានការធ្លាក់ចុះដែរ ហើយទេសចរអឺរ៉ុប ក៏កាត់បន្ថយដំណើរផ្លូវឆ្ងាយ ដោយសារតែកត្តាសេដ្ឋកិច្ច ជំងឺឆ្លង និងគ្រោះធម្មជាតិ។ លោក ធួន ស៊ីណាន ...