អាមេរិក​សាទរ​ការ​ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់ ហើយ​ចាត់ទុក​ថា​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនុកចិត្ត​ឡើងវិញ

សហរដ្ឋ​អាមេរិក ចាត់ទុក​ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដោយ​ភាគី​ថៃ គឺជា​ជំហាន​វិជ្ជមាន​មួយ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនាក់ទំនង និង​ទំនុកចិត្ត​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​នឹង​គ្នា​ឡើងវិញ។ អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Tommy Piggot បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា សហរដ្ឋ​អាមេរិក ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​នៃ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​ថៃឡង់ដ៍ ក្នុង​ការ​រក្សា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ។ លោក Tommy Piggot អះអាង​ថា សកម្មភាព​ទាំងនេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​ទាំង​ពីរ​ចំពោះ​សន្តិភាព​យូរអង្វែង តាមរយៈ​ការ​អនុវត្ត​បទប្បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ចុង​ខែ​តុលា កន្លង​ទៅ ដែល​មាន​ប្រធានាធិបតី​អាមេរិកាំង លោក ដូណាល់ ត្រាំ ចេញ​មុខ​ធ្វើ​ជា​សាក្សី​នោះ។ មន្ត្រី​ការបរទេស​អាមេរិកាំង​រូប​នេះ​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ពីរ​បន្ត​អនុវត្ត​វិធានការ​សំខាន់ៗ​ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ថៃ សម្រេច​ដោះលែង​ទាហាន​កម្ពុជា​ទាំង ១៨​នាក់ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ក្រោយពី​មាន​កិច្ចព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ។ […] The post អាមេរិក​សាទរ​ការ​ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់ ហើយ​ចាត់ទុក​ថា​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនុកចិត្ត​ឡើងវិញ appeared first on The Cambodia Daily Khmer .