ជិះម៉ូតូតាមធាក់ផ្ដួល និងដកដាវគំរាមប្លន់យកម៉ូតូ ជនសង្ស័យ២នាក់ ត្រូវនគរបាលស្រុកអង្គស្នួលចាប់ខ្លួន

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកអង្គស្នួលឱ្យដឹងនៅថ្ងៃទី០២ខែមករា ឆ្នាំ២០២៦នេះថា ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីធ្វើ សកម្មភាពជិះម៉ូតូតាមធាក់ផ្តួលជនរងគ្រោះ រួចដកដាវគំរាមប្លន់យកម៉ូតូបានសម្រេច កាលពីពេលថ្មីៗនេះ។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ហេតុការណ៍នេះកើត ឡើង កាលពីថ្ងៃទី៣០ ធ្នូ ២០២៥ វេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ លោកអធិការ បានបន្តថា នៅមុនពេលកើតហេតុ ជនរង គ្រោះឈ្មោះ ឡូញ ប៊ុនឡូ ភេទប្រុស អាយុ២៣ឆ្នាំ បានជិះម៉ូតូជាមួយប្រពន្ធត្រឡប់ពីរាជធានីភ្នំពេញទៅផ្ទះនៅខេត្ដកំពង់ស្ពឺ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ ជិះម៉ូតូ ២ គ្រឿង តាមពីក្រោយ ហើយបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចដកដាវបម្រុងកាប់ទៅលើជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូ ទើបក្រុមជនសង្ស័យលើកយកម៉ូតូជិះគេចខ្លួនបាត់។ លោកអធិការ បានបញ្ជាក់ទៀតថា ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១ មករា ...