ភ្នំពេញ ៖ ក្យូសថ្មប្រក់ស្បូវចំនួន១០ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រងការខូចខាតអស់ទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនធំផង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នៅចំណុចភោជនីយដ្ឋាន ចាំអូន ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញផ្សែងខ្មៅហុយចេញពីដំបូលក្យួសដែលប្រក់ស្បូវ ។ ភ្លាមៗនោះ បុគ្គលិកបាននាំគ្នាយកទុយយោទឹកបាញ់និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យជួយបាញ់ដែរ ប៉ុន្តែដោយសារអណ្តាតភ្លើងឆេះរាលដាលលឿនពេក ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមន្រ្តីអគ្គិភ័យចុះមកជួយអន្តរាគមន៍តែម្តង ។ ក្រោយពីទទួលបានព័ត៌មានភ្លាម ក្រុមរថយន្តពន្លត់អគ្គិភ័យបានចុះមកដល់ចំណុចកេីហេតុនិងបាញ់ពន្លត់ទប់ស្កាត់។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះរងការខូចខាតឆេះក្យូសប្រក់ស្បូវអស់ចំនួន ១០ រួមទាំងសម្ភារៈមួយចំនួនធំអស់ទាំងស្រុង តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានី , រថយន្តជំនួយក្រសួងមហាផ្ទៃ , រថយន្ត បុរីប៉េងហួត , រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា, រថយន្តទីក្រុងកោះពេជ្រ មកដល់ទីតាំង ១៨ គ្រឿងបាញ់ឲ្យរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជុំវិញទីតាំងកើតហេតុ ៕ អត្ថបទ ៖សុខាសែនជ័យ