ខេត្តបាត់ដំបង៖ មន្ត្រីឧទ្យានុរក្សប្រចាំការតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីឧទ្យានុរក្សស្នាក់ការរងព្រៃចាស់ ចុះល្បាតត្រួតពិនិត្យក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលម្សិលមិញ។ ជាលទ្ធផល ក្រុមការងារបានរកឃើញបទល្មើសលើធនធានធម្មជាតិ នៅចំណុចអាទៀង និងចំណុចបឹងពាក់ខែល ហើយបានបង្ក្រាប និងរុះរើឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន របាំងសាច់អួនក្រឡាញឹក ប្រវែង ២,១០០ ម៉ែត្រ បង្គោល ១,១១០ ដើម និងឡុកចាប់ត្រី ៧ គ្រឿង។ បន្ទាប់មក មន្ត្រីឧទ្យានុរក្សបានលែងកូនត្រីចម្រុះ ប្រមាណ ៣០ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិ ស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីចូលរួមអភិរក្សធនធានជលផល៕ ដោយ៖ជ្រោយពេជ្រ