លោក ឃឹម ហ្វីណង់៖ រដ្ឋាភិបាលបង្កើតក្រុមការងារចំពោះកិច្ចដើម្បីជួយស្តារជីវភាពជនភៀសសឹក

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា រដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីគាំទ្រដល់ការស្តារជីវភាពរស់នៅរបស់ពលរដ្ឋភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា ថៃ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ លោក ឃឹម ហ្វីណង់បានអះអាងថា ក្រោយជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ក្រសួងកសិកម្មនឹងមានវិធានការជួយលើផ្នែកកសិកម្ម។ បើតាមលោក ឃឹម ហ្វីណង់ ក្នុងពេលមានជម្លោះព្រំដែន ក្រសួងបានដាក់ចេញនូវវិធានការបណ្តោះអាសន្នដោយសម្របសម្រួលជូនជនភៀសសឹកតាមរយៈការដាំបន្លែនៅតាមជំរុំជនភៀសសឹកនានាដែលជាផ្នែកមួយជួយគាំទ្រដល់សន្តិសុខស្បៀង។