យុវតី៣នាក់ដែលបាត់ដំណឹងពីផ្ទះត្រូវកម្លាំងកងរាជអាវុធហត្ថស្ទឹងត្រែងរកឃើញ និងប្រគល់ជូនអាណាព្យាបាលវិញហើយ

ខេត្តស្ទឹងត្រែង ៖ យុវតីជាសិស្សសាលា៣នាក់ ដែលត្រូវបានក្រុមគ្រួសារដាក់ពាក្យប្តឹងបាត់ដំណឹងកាលពីចុងខែធ្នូ ឆ្នាំ២០២៥ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង រកឃើញកាលពីល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នៅឯស្រុកថាឡាបរិវ៉ាត់ ។ ក្រោយរកឃើញ ពួកគេត្រូវបាននាំយកមកអប់រំ និងប្រគល់ជូនអាណាព្យាបាល ដើម្បីនាំត្រឡប់ទៅផ្ទះវិញ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមគ្រួសារនៃយុវតីទាំង៣នាក់ បានសម្រេចចិត្តដាក់ពាក្យប្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បន្ទាប់ពីកូនស្រីរបស់ពួកគេបានបាត់ដំណឹងពីផ្ទះ តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។ ការបាត់ខ្លួននេះ ត្រូវបានគេសង្ស័យថា កើតឡើងក្រោយពេលឪពុកម្តាយបានស្តីបន្ទោស និងណែនាំពួកគេ បន្ទាប់ពីទទួលបានរបាយការណ៍ពីគណៈគ្រប់គ្រងសាលាថា យុវតីទាំងនោះបានគេចវេះមិនចូលរៀន ។ ក្រោយទទួលបានពាក្យបណ្តឹង និងបទបញ្ជាយ៉ាងម៉ឺង ម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកវរសេនីយ៍ទោ ហ៊ាន សុវណ្ណា រិទ្ធ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានដឹកនាំកម្លាំងចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមរកយុវតីទាំង៣នាក់នេះ ។ នៅពេលដែលកម្លាំងកងរាជអាវុធហត្ថចុះទៅដល់ទីតាំងរកឃើញក្នុងស្រុកថាឡាបរិវ៉ាត់ គេសង្កេតឃើញក្រុមយុវតីទាំងនោះបានប្រមូលផ្តុំគ្នា ជក់វ៉ែប (បារីអេឡិចត្រូនិច) ផងដែរ។ ក្រោយការរកឃើញ កម្លាំងជំនាញបាននាំយុវតីទាំងបីនាក់ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា មុននឹងប្រគល់ពួកគេជូនទៅអាណាព្យាបាលរៀងៗខ្លួន ...