អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាដោះស្រាយបញ្ហាបំប៉ោងព័ត៌មាន លុបបំបាត់ព័ត៌មានក្លែងក្លាយ និងជៀសវាងការចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់

ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីសាមគ្គីជាតិជាធ្លុងមួយ និងដើម្បីលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយ លោក ហាក់ វិមាន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ ដែលជាអំណោយសប្បុរសធម៌របស់ប្រជាជនក្នុងខេត្តស្ទឹងត្រែង និងសប្បុរសជននានា ជូនដល់កងកម្លាំងឯកភាពទាំង៤ ប្រភេទ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់យោធភូមិភាគទី១ និងស្នងការដ្ឋាននគបាលខេត្ត។ អំណោយសប្បុរសធម៌ដែលមានទាំងថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់នាពេលនេះ ត្រូវបានបែងចែកជូនដល់អង្គភាពចំនួន៤ រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត និងយោធភូមិភាគទី១ ដើម្បីយកទៅចាត់ចែងផ្គត់ផ្គង់ដល់កម្លាំងវីរកងទ័ពជួរមុខ និងកម្លាំងត្រៀមបំរុង ដែលកំពុង ការពារបូរណភាពទឹកដី ជាតិ មាតុភូមិ។ សកម្មភាពនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់នូវចលនាគាំទ្រយ៉ាងផុលផុសពីសំណាក់ «សមរភូមិក្រោយ» ដែលរួមមានមន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងខេត្តស្ទឹងត្រែង ដែលបានរួមគ្នាបរិច្ចាគនូវថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ដើម្បីផ្ញើជូនទៅកាន់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ។ ការចូលរួមនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាសារនៃក្តីស្រឡាញ់ ជំនឿចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ...