ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅលេងកម្សាន្តឆ្លងឆ្នាំនៅខេត្តកំពត ប្រាថ្នាសូមឱ្យប្រទេសកម្ពុជាមានសន្តិភាព

ខេត្តកំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅលេងកម្សាន្តនាឱកាសឆ្លងឆ្នាំនៅខេត្តកំពត បានប្រាថ្នា សូមឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព។ ជាក់ស្ដែងកាលពីរាត្រីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ឆ្លងចូល ឆ្នាំ ២០២៦ នៅខេត្តកំពត តាមការរៀបរាប់របស់ប្រជាពលរដ្ឋ បានឱ្យដឹងថា មានភ្ញៀវទេសចរជាតិ និងអន្តជាតិ ព្រមទាំងប្រជាពលរដ្ឋទៅលេងកម្សាន្តច្រើន ទោះបីជាមិនមានការរៀបចំកម្មវិធីកម្សាន្តសប្បាយ ដើម្បីអបអរសាទរឆ្លងឆ្នាំថ្មី ឆ្នាំសកល ក៏ដោយ។ ចំពោះឥរិយាបថរបស់អ្នកចូលរួមឆ្លងឆ្នាំ មានលក្ខណៈជាការសម្រាកលម្ហែធម្មតា គ្មានការរាំងច្រៀង និងបាញ់កាំជ្រួចដូចឆ្នាំមុនៗ ទេ ព្រោះពួកគាត់នៅបារម្ភ និងគិតគូរសុខទុក្ខរបស់ជនភៀសសឹក និងកងទ័ពជួរមុខ ហើយប្រាថ្នាសូមឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏បានលើកឡើងថា រាល់ពេលបុណ្យទាន ពួកគាត់ពិបាកបំភ្លេចខេត្តកំពតណាស់។ ជាក់ស្ដែងក្នុងបរិបទបច្ចុប្បន្ន បើទោះជាជួបរឿងលំបាកដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ យ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែឆ្លៀតដើម្បីបានមកដើរលម្ហែ និងឆ្លងឆ្នាំនៅខេត្តកំពតដែរ។ ពួកគាត់ បញ្ជាក់ថា ការទៅលេងឆ្លងឆ្នាំសកលនៅខេត្តកំពត ឆ្នាំនេះ ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹងពីបញ្ហាព្រំដែន ពិសេសទិដ្ឋភាពទុក្ខលំបាករបស់កងទ័ពជួរមុខ ...