ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានបញ្ជាក់ជូនជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះទៅកាន់ភាគីថៃ។ ការចេញមកបញ្ជាក់បែបនេះរបស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការវិវត្តន៍ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ» គិតមកដល់ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏សូមបញ្ជាក់ជូនជនរួមជាតិថា ក្នុងកំឡុងពេលអនុវត្តបទឈប់បាញ់នេះ ភាគីថៃ បានធ្វើសកម្មភាពដាក់ទូរកុងតឺន័រ រាយបន្លាលួស ដោតទង់ជាតិ និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋស៊ីវិលខ្មែរក្នុងទីតាំងមួយចំនួនដែលជាសកម្មភាពបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក ប៉ែន បូណា បានបន្ថែមយ៉ាងដូច្នេះថា៖ «កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង ឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ដូច្នេះ ការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស ឬដោយទង់ជាតិរបស់ភាគីថៃ មិនមែនបញ្ជាក់ថាទីនោះជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ»។ បន្ថែមពីនេះ លោក ប៉ែន បូណា បានបន្តថា ...