ចុះលេងទឹកសមុទ្រជាមួយមិត្តភក្តិលង់ស្លាប់ម្នាក់នៅខេត្តកោះកុង

ខេត្តកោះកុង ៖ យុវតីសិស្សសាលាម្នាក់ បានស្លាប់ដោយលង់ទឹកសមុទ្រ ខណៈចុះលេងទឹកជាមួយមិត្តភក្តិ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀលម្សិលមិញ នៅឆ្នេរកោះស្នេហ៍ ឡុងប៊ិច ក្នុងខេត្តកោះកុង។ ក្រោយកើតហេតុ សមត្ថកិច្ច និងក្រុមគ្រួសារ បានចុះរាវរក រហូតដល់វេលាម៉ោង ៤ និង ១៥ នាទីរសៀលថ្ងៃដដែល ទើបរកឃើញសព។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែត ណាលីណា អាយុ ១៣ ឆ្នាំ ជាសិស្សវិទ្យាល័យកោះកុង មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ យុវតីរងគ្រោះ និងមិត្តភក្តិបានទៅលេងឆ្នេរឡុងប៊ិច ខណៈមិនចេះហែលទឹក បានចុះលេងទឹក ហើយក៏លង់លិចបាត់ខ្លួន។ ក្រោយពិនិត្យកោសល្យវិច័យ សមត្ថកិច្ចបញ្ជាក់ថា ស្លាប់ដោយលង់ទឹក៕ ដោយ៖ជ្រោយពេជ្រ