អន្តរជាតិ ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញមុខប្រកាសពីភាពជោគជ័យរបស់អាម៉េរិកក្នុងការចុះប្រតិបត្តិការយោធាចាប់ខ្លួនគ្រួសារលោក នីកូឡាស ម៉ាឌូរ៉ូ នៅពេលដែលលោកនិងភរិយាកំពុងតែគេងលង់លក់កណ្តាលរាត្រី។ ប្រតិបត្តិការយោធាដែលចង្អុលបង្ហាញដោយលោកដូណាល់ត្រាំផ្ទាល់គឺជាប្រើប្រាស់កងកម្លាំងលេខ១របស់អាម៉េរិកដែលមានឈ្មោះថា Delta Force គឺជាកងកម្លាំងសម្ងាត់នឹងមានសមត្ថភាពខ្លាំង។ លោកដូណាល់ត្រាំបានចាត់ទុកប្រតិបត្តិការលឿនរហ័ស និងចាប់ខ្លួនគ្រួសារលោក នីកូឡាស ម៉ាឌូរ៉ូ ទាំងរស់នេះគឺជាប្រតិបត្តិការយោធាគ្មាននរណាម្នាក់ធ្លាប់បានឃើញសោះឡើយចាប់តាំងពីសង្រ្គាមលោកលើកទី២បញ្ចប់។ លោក នីកូឡាស ម៉ាឌូរ៉ូ នឹងត្រូវរងការកាត់ទោសក្នុងទឹកដីសហរដ្ឋអាម៉េរិកពីបទចោទជាច្រើនរួមទាំងឧក្រិដ្ឋកម្មគ្រឿងញៀន អំពើពុករលួយ និងបទចោទជាច្រើនទៀត។ គួរកត់សម្គាល់ថាលោកនីកូឡាស ម៉ាឌូរ៉ូ វ័យ ៦៣ឆ្នាំ បានក្លាយជាប្រធានាធិបតីវេណេស៊ុយអេឡាចាប់តាំងពីឆ្នាំ ២០១៣ មក មុនឈានទៅដល់ការចាប់ខ្លួនលោកទាំងគ្រួសារ លោកត្រូវបានលោកត្រាំទុកឱកាស និងជម្រើសឲ្យចុះចេញពីតំណែង នឹងបញ្ឈប់ការរកស៊ីគ្រឿងញៀនតែលោក នីកូឡាស ម៉ាឌូរ៉ូ បដិសេធ និងថែមទាំងបានព្យាយាមឌឺដងទៅសហរដ្ឋអាម៉េរិកជាច្រើនដងទៀត៕ ដោយ ៖ សិលា