ភ្នំពេញ៖ ក្រុមហ៊ុនចម្រាញ់ប្រេងខ្មៅ ប្រេងម៉ាស៊ូតជាច្រើននៅកម្ពុជា ត្រូវបានរាយការណ៍ថា កំពុងធ្វើសកម្មភាពដោយមិនបានគោរពក្រមបរិស្ថាន និងមិនបានវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថានជាមុន ហើយបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងសហគ្រាសស៊ីនសេងតុង អេនើជី (ខេមបូឌា) ឯ.ក របស់ជនជាតិចិន មានទីតាំងនៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាសហគ្រាសចម្រាញ់ប្រេងម៉ាស៊ូត ដែលធ្វើសកម្មភាពដោយមិនគោរពក្រមបរិស្ថាន និងមិនបានវាយតម្លៃជាមុនលើបច្ចេកទេសបរិស្ថាន បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ កាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ សហគ្រាសនេះ ធ្លាប់បានបង្កការលេចធ្លាយសំណល់ប្រេងទៅក្រៅធ្វើឱ្យប៉ះពាល់លើដីស្រែប្រជាពលរដ្ឋក្បែរខាងចំនួនប្រមាណ២ហិកតា ខូចសន្ទូង ខូចគុណភាពទឹក គុណភាពដី និងប្រព័ន្ធជីវៈចម្រុះជាច្រើនទៀត។ នៅថ្ងៃទី៣ ខែមករា ដើមឆ្នាំ២០២៦នេះ សហគ្រាសដដែលនេះ បានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងគុណភាពខ្យល់។ បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រៅពីសហគ្រាសស៊ីនសេងតុង អេនើជីនេះទៅ នៅមានក្រុមហ៊ុន សហគ្រាសចម្រាញ់ប្រេងខ្មៅ ប្រេងម៉ាស៊ូតជាច្រើនទៀត ធ្វើសកម្មភាពដោយមិនគោរពនូវក្រមបរិស្ថាន និងមិនបានវាយតម្លៃផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវនោះទេ។ សកម្មភាពរបស់រោងចក្រ សហគ្រាសទាំងនេះកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ ក៏ដូចជាជីវៈចម្រុះនៅកម្ពុជា។ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ...