ភ្នំពេញ៖រថយន្តម៉ាកLexus CT 200hមួយគ្រឿងបើកបរដោយ នារីម្នាក់ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់រួចបន្តបុកចូលផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១:៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៧ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវម៉ៅសេទុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកLexus CT 200hពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BZ-4121 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ រួចបន្តល្បឿនទៅបុកចូលផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ចំណែកអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់បាន។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ