រថយន្តដឹកលៀសខុសច្បាប់១គ្រឿងត្រូវបានបង្ក្រាបដោយកម្លាំងសហការរបស់យោធាលើផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ÷ នៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទក្នុងភូមិសាស្ត្របឹងទន្លេសាប កម្លាំងចម្រុះរបស់យោធាបានល្បាតតាមគោលដៅលើផ្លូវជាតិលេខ៦ នៅវេលាម៉ោង៩យប់ ដោយកម្លាំងបានសហការជាមួយ កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ វរសេនាតូចកាំភ្លើងធំ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំដោយលោកមេបញ្ជាការរង ធ្វើការចុះត្រួតពិនិត្យនិងឃាត់រថយន្តបានចំនួន១គ្រឿង ម៉ាក HYUNDAI ពាក់ស្លាកលេខ កំពង់ធំ 3A- 1997 ដឹកលៀសខុសច្បាប់ទម្ងន់២០តោន នៅចំណុចភូមិសាស្ត្រ  ភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។   បើយោងតាមការឲ្យដឹងពីលោកមេបញ្ជាការរងសឹករងកំពង់ឆ្នាំង រថយន្តដឹកលៀសខុសច្បាប់ខាងលើបានដឹកចេញពីភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ប្រភពបញ្ជាក់បន្ថែមទៀតថា រថយន្តដឹកលៀសខាងលើមិនមានលិខិតអនុញ្ញាត តាមច្បាប់រដ្ឋបាលជលផលនោះឡើយ។   ចំណែកឯតៃកុងរថយន្តដឹកលៀសខុសច្បាប់នោះ បានរត់គេចខ្លួនបាត់ ហើយក្រុមការងារសហការបានដកហូតយករថយន្តមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ គួរបញ្ជាក់ថា លៀសទម្ងន់២០តោននោះត្រូវបានក្រុមការងារសហការជាមួយកម្លាំងយោធានាំយកទៅចាក់លែងក្នុងភូមិសាស្ត្រស្រុកជលគិរី ខេត្តកំពង់ឆ្នាំង៕