មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ថា​ប្រទេស​ថៃ ជា​អ្នក​បង្ក​ការ​ឈ្លានពាន​មក​លើ​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ថៃ បាន​បង្ក​សង្គ្រាម​រំលោភ​បំពាន​យ៉ាង​កំរោល​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន ក្រោម​លេស​ការពារ​សន្តិសុខ និង​អធិបតេយ្យ​របស់​ថៃ ដែល​បង្ក​នូវ​មហន្តរាយ​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សុខសាន្ត។ ឆ្លៀត​ឱកាស​ក្នុង​ថ្ងៃ​ខួប​ទី​៤៧ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែង​ថា នៅ​ក្នុង​សកម្មភាព​រំលោភ​បំពាន​នេះ កង​យោធា​ថៃ ប្រើប្រាស់​អាវុធ​ធំ​តូច និង​ទំនើប​គ្រប់​ប្រភេទ ទាំង​ជើងគោក ជើងទឹក និង​ជើង​អាកាស​បាញ់​ប្រហារ​មក​លើ​កងទ័ព​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​ទីតាំង​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា និង​វាយប្រហារ​លើ​គោលដៅ​ស៊ីវិល​នានា​ឥត​រើស​មុខ​ឡើយ។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា រូប​នេះ​អះអាង​ថា សកម្មភាព​ទាំងនេះ​គឺជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា រួម​ទាំង​បំពាន​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ បំពាន​ធម្មនុញ្ញ​អាស៊ាន និង​មិន​គោរព​ស្មារតី​នៃ​សហគមន៍​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ម្យ៉ាង​ទៀត សកម្មភាព​បែប​នេះ​ក៏​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​កាតព្វកិច្ច​អន្តរជាតិ​ក្នុង​ការ​ការពារ​ជនស៊ីវិល ទ្រព្យសម្បត្តិ​វប្បធម៌​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត ព្រោះ​ថៃ បាន​ពង្រីក​សកម្មភាព​វាយប្រហារ​កាន់តែ​ធំ​ឡើងៗ ដែល​ផ្ទុយ​នឹង​បទ​ឈប់​បាញ់​ព្រមទាំង​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នោះ។ លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី បន្ត​រួបរួម​សាមគ្គី​ជា​ធ្លុង​មួយ​ដោយ​ជឿជាក់​លើ​រដ្ឋាភិបាល និង​បន្ត​លើក​កម្ពស់​ស្មារតី​ស្នេហា​ជាតិ ប្រឹង​ឈរ​ដោយ​ខ្លួនឯង […] The post មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ថា​ប្រទេស​ថៃ ជា​អ្នក​បង្ក​ការ​ឈ្លានពាន​មក​លើ​កម្ពុជា appeared first on The Cambodia Daily Khmer .