ឃាត់ខ្លួនជនជាតិចិន៣នាក់ ដែលជាជនដៃដល់ក្នុងករណីចាប់បង្ខាំង និងធ្វើទារុណកម្មជំរិតទារប្រាក់ដែលមានអង្គការចាត់តាំង

ភ្នំពេញ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងក្រុមចាប់បង្ខាំង និងធ្វើទារុណកម្មចាប់ជំរិតទារប្រាក់ ដែលមានអង្គការចាត់តាំង ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនករណីកន្លងមកដោយ។ ប្រតិបត្តិការស្រាវជ្រាវបំបែកសំណុំរឿងនេះ បានចាប់ខ្លួនមនុស្ស៣នាក់ ជាជនជាតិចិន (ម្នាក់មានសញ្ជាតិខ្មែរ ដែលជាអ្នកផ្សំគំនិត)។ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាអ្នកដឹកនាំបញ្ជាប្រតិបត្តិការផ្ទាល់ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញរួមមាន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យដើម្បីធ្វើការស្រាវជ្រាវនៅទីតាំងសង្ស័យ មានករណីបង្ខាំងជំរិតទារប្រាក់ នៅបន្ទប់លេខ៣៩-១០ ជាន់ទី៣៩, បន្ទប់លេខ៤០-០៩ ជាន់ទី៤០ សណ្ឋាគារ ហ័រ ហួយ ...