លោក ប៉ែន បូណា៖ សាលារៀនចំនួន ៩៧៥ ក្នុងខេត្ត៤គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ បានបើកដំណើរការឡើងវិញ ខណៈដែលសាលារៀនចំនួន ១១៦ ផ្សេងទៀតនៅបន្តបិទទ្វារនៅឡើយ

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះថា៖ សាលារៀនចំនួន ៩៧៥ ក្នុងខេត្ត៤គឺ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ បានបើកដំណើរការឡើងវិញ ខណៈដែលសាលារៀនចំនួន ១១៦ ផ្សេងទៀតនៅបន្តបិទទ្វារនៅឡើយ។ ក្រៅពីនោះ មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើនក៏បានបើកដំណើរការឡើងវិញដែរ។ លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ គិតត្រឹមល្ងាចថ្ងៃម្សិលមិញ មានពលរដ្ឋភៀសសឹកប្រមាណជាង ៤៧ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ ចំនួនពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅក្នុងជំរុំបានថយចុះនៅត្រឹមជាង ១៧ម៉ឺននាក់ប៉ុណ្ណោះ ហើយអាជ្ញាធរកំពុងសម្របសម្រួល ដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពលរដ្ឋភៀសសឹកទាំងនោះ។ សូមបញ្ជាក់ជូនថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ ទោះជាយ៉ាងនេះក៏ដោយ មានជនភៀសសឹកជាច្រើនដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយទេ ដោយសារការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពដែលបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងដែលធ្វើឱ្យប៉ះពាល់ដល់ការវិលត្រឡប់របស់ជនភៀសសឹកចូលទៅក្នុងតំបន់ទាំងនោះវិញ៕ ដោយ៖តារា