ក្រសួងការងារ៖ ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពី ប្រទេសថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជាង ៨៣ ៦៨៥ម៉ឺនកន្លែង នៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ បានឱ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមករាម្សិលមិញនេះថា ឱកាសការងារចំនួន ៨៣ ៦៨៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ រាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញមានចំនួន ២៦ ៣០៥កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ១៩ ០២៣កន្លែង, ខេត្តកណ្ដាលមានចំនួន ១០ ៧០៣កន្លែង, ខេត្តតាកែវមានចំនួន ៨ ៧៧៧កន្លែង និងខេត្តស្វាយរៀងមានចំនួន ៦ ០៩២កន្លែង។ ក្រសួងការងារ បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារតាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។ ...