កងទ័ពស៊ីរីអះអាងថាការវាយប្រយុទ្ធនៅតំបន់​​ទីក្រុងអាឡិបបានចប់​​ តែក្រុមកួកបដិសេធថាមិនពិត

ចាប់តាំងពីថ្ងៃអង្គារទី​៦​មករា​មក​ ការវាយប្រយុទ្ធ​គ្នាបានផ្ទុះឡើង​​ នៅ​ទីក្រុងអាឡិបភាគខាងជើងស៊ីរី ដែលមួយផ្នែកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមកួក​។ ជនស៊ីវីល​ជាង២០បានស្លាប់ និង​ប្រមាណ​ជាង​១៥ម៉ឺននាក់ ត្រូវភៀសខ្លួនគេចចេញពី​តំបន់មានការប្រយុទ្ធ​ រវាងកងទ័ពរដ្ឋាភិបាលស៊ីរី និងកងកម្លាំងកួក។ កាលពីថ្ងៃសៅរ៍​ទី​១០​មករា​​ កងទ័ពរដ្ឋាភិបាល បានអះអាងថាគេបានវាយ​ដណ្តើមគ្រប់គ្រង ទីក្រុងអាឡិបបានទាំងស្រុងហើយ និងបានបណ្តេញ​ក្រុមកួក​ឲ្យដកថយ​​។ តែដោយឡែក ក្រុមកួកបានអះអាងថា មិនពិតទេ​ ការប្រយុទ្ធនៅតែបន្ត​នៅឡើយ។